ប្រកាសសំខាន់ៗគួរចៀសវាងពីគ្រោះថ្នាក់បណ្ដាលមកពីការប្រើប្រាស់ទូរសព្ទដៃ


អ្នកប្រើប្រាស់ទូរសព្ទសព្វថ្ងៃនេះ ទាំងទូរសព្ទដៃប្រភេទធម្មតា និង ស្មានហ្វូនទាំងអស់ត្រូវ
បានគេមើលឃើញថាមានចំនួននៃការប្រើប្រាស់កើនឡើងគួរអោយកត់សំគាល់ ប៉ុន្តែអ្នកប្រើ
ប្រាស់ទាំងអស់មួយភាគមិនបានយកចិត្តទុកដាក់អំពីបញ្ហាផ្សេងៗដែលអាចនឹងកើតឡើង
ជាយថាហេតុដោយសារការប្រើប្រាស់របស់ពួកគេខុសបច្ចេកទេស ឬ ហួសកំរិតម៉ាស៊ីន
ជាដើម។ដើម្បីចៀសវាងអំពីបញ្ហាផ្សេងៗអាចបណ្ដាលមកពីការប្រើប្រាស់ទាំងអស់នេះអ្នក
គួរគប្បីអនុវត្តនូវចំនុចដូចខាងក្រោម:
1.ផលិតផលមិនមានគុណភាព
ថ្មទូរសព្ទជាមូលហេតុចំបងនៃករណីគ្រោះថ្នាក់ផ្សេងៗ ដោយសារថ្មទូរសព្ទនៅលើទីផ្សារ
សព្វថ្ងៃនេះមានច្រើនផលិតផលប៉ុន្តែមិនមែនសុទ្ធតែរបស់មានគុណភាពទាំងអស់នោះទេ
អាចនិយាយបានថាជារបស់ក្លែងក្លាយ ដែលគ្មានគុណភាពនៅពេលលោកអ្នកជាវយកទៅ
ប្រើប្រាស់ ដោយសារការផលិតគ្មានគុណភាពស្ដង់ដារពីក្រុមហ៊ុន អាចមានការកើនឡើង
នូវកំដៅបណ្ដាលអោយផ្ទុះបាន។ ដូចច្នេះគួរប្រើប្រាស់ផលិតផលពិតដែលមានស្តង់ដារ
ពិតប្រាកដ ធានានូវគុណភាពប្រើប្រាស់បានយូរអង្វែង និង សុវត្ថិភាព។
2.ការរក្សាទុកទូរសព្ទក្នុងស្ថានភាពត្រឹមត្រូវ
ដើម្បីថែរក្សា និង ការពារទូរសព្ទដៃរបស់លោកអ្នកអោយបានត្រឹមត្រូវ អ្នកគួរទុកដាក់
ទូរសព្ទដៃ នៅកន្លែងស្ងួតគ្មានសំណើមនិង កន្លែងដែលមានខ្យល់ចេញចូលគ្រប់គ្រាន់ជា
ពិសេសទូរសព្ទដៃ Smart Phone តែម្ដង។ ព្រោះទូរសព្ទដៃ Smart Phone
ត្រូវបានក្រុមហ៊ុនផលិតមកមានថាមពលថ្មខ្លាំងមិនក្រោម 1000mAh ឡើយដូចច្នេះអ្នក
គួរចៀសវាងការប្រើប្រាស់ទូរសព្ទដៃក្នុងអំឡុងពេលសាកថ្មព្រោះវាអាចបណ្ដាលអោយ
មានការកើនឡើងនូវកំដៅរបស់ម៉ាស៊ីន និង ថ្មក្នុងអំឡុងពេលតែមួយធ្វើអោយទូរសព្ទ
របស់អ្នកខូច ឬ ផ្ទុះបាន។ ជាពិសេសកុំសាកថ្មទុកចោលនៅពេលយប់រហូតទល់ភ្លឺ។
3.ស្ថានភាពទូរសព្ទត្រូវបានធ្លាក់ចូលទឹក ឬ​ សំណើម
តើនៅពេលទូរសព្ទដៃរបស់អ្នកត្រូវបានធ្លាក់ចូលទឹកអ្នកនឹងយកវាទៅកប់ក្នុងអង្ករដើម្បី
អោយស្ងួតឬ?នេះជាវិធីមួយដែលពេញនិយមតៗគ្នាតែប៉ុណ្ណោះក្នុងករណីដែលត្រូវ
សំណើមបន្តិចបន្តួចដោយសារត្រូវភ្លៀងជាដើម។ប៉ុន្តែវាមិនមែនជាវិធីសាស្រ្ត
ដែលត្រឹមត្រូវនោះទេ ព្រោះឧបករណ៏អេឡិចត្រូនិចទាំងអស់ត្រូវបានបំពាក់ដោយ
សៀគ្វីជាច្រើនរួមបញ្ចូលគ្នាដើម្បីក្លាយខ្លួនជាម៉ាស៊ីនដំនើរការបានយ៉ាងរលូន​ ប៉ុន្តែប្រសិនជាផ្នែកណាមួយនៃម៉ាស៊ីនបានជ្រាបចូលនូវសំណើមទឹកឬ កំណក់
ញើសពីម៉ាស៊ីនត្រជាក់ដោយមិនអាចមើលមិនឃើញពីផ្នែកខាងក្រៅមកបាន
សៀគ្វីណាមួយរបស់ទូរសព្ទត្រូវបានច្រេះក្នុងរយៈដ៏ខ្លី បណ្ដាលអោយម៉ាស៊ីនលែង
ដំនើរការ ឬ រអាក់រអួល និង ប្រើឆាប់ឡើងកំដៅ ព្រមទាំងអាចបង្កអោយគ្រោះថ្នាក់
ដល់អ្នកបាន ដំណោះស្រាយល្អបំផុតសូមប្រញាប់យកទូរស័ព្ទរបស់អ្នកទៅកាន់អ្នក
ជំនាញផ្នែកសេវាកម្មជួសជុលនៅពេលជ្រាបចូលនូវសំណើម។
4.កុំព្យាយាមប្រើប្រាស់ទូរសព្ទហួសកំរិត និង ពេលឡើងកំដៅ
ទូរសព្ទដៃសព្វថ្ងៃមានច្រើនប្រភេទដែលមិនអាចរៀបរាប់អស់ ប៉ុន្តែភាគច្រើននៃ
អ្នកប្រើប្រាស់ហួសកំរិតគឺជាប្រភេទ Smart Phoneដោយសារមានមុខងារ
និងការកំសាន្តជាច្រើន ព្រមទាំងមានអិនធើណេតល្បឿនលឿនផងនោះ។
ប៉ុន្តែការប្រើប្រាស់ទាំងនេះត្រូវមានកំរិតនៃការប្រើរបស់វាផងដែរ។ ក្នុងអំឡុងពេល
លោកអ្នកកំពុងប្រើប្រាស់អិនធើណេត ឬ លេងហ្គេមកំលាំង Processor របស់ម៉ាស៊ីនបានស្រូបយកនូវថាមពលថ្មយ៉ាងខ្លាំង រួមផ្សំជាមួយការប្រើលើស
កំរិតទូរសព្ទនឹងមានការកើនឡើងនូវកំដៅខ្លាំងបំផុត អាចបណ្ដាលអោយផ្ទុះថ្ម
ឬ ឆេះម៉ាស៊ីនតែម្ដង។ ចូលកុំព្យាយាមប្រើប្រាស់រយៈពេលយូរលើសកំរិតដើម្បី
ចៀសវាងនូវគ្រោះថ្នាក់ ឬ ខូចខាតទូរស័ព្ទដៃរបស់អ្នក។
5.ការប៉ះទង្គិច ឬ ដំនើរការខុសប្រក្រតី
ការថែមរក្សាទូរសព្ទដៃអោយបានត្រឹមត្រូវអាចធ្វើអោយការប្រើប្រាស់បានរយៈពេល
យូរអង្វែង និង សន្សំសំចៃការចំណាយដូចច្នេះចូលចៀសវាងការធ្លាក់ ឬ ប៉ះទង្គិច
វត្ថុធាតុរឹង ព្រោះវាអាចបណ្ដាលអោយប៉ះពាល់ដល់ម៉ាស៊ីនរបស់ទូរសព្ទដំនើរការខុស
ប្រក្រតីដូចជា: មិនដំនើរការ Touch Screen ឬ រអាក់រអួល មិនលឺសម្លេង មិន
មានសេវា មិនចេញរូបភាពជាដើម។ក្នុងករណីការប្រើប្រាស់កើនកំដៅ ឬ អស់ថ្ម
លឿនជាងមុនដោយមិនដឹងមូលហេតុសូមទាក់ទងផ្នែកសេវាកម្មជំនាញជួសជុល។

ប្រភពមកពី Nika Phone Shop

Leave a comment